មុនចាប់ផ្តើមលេង ហ្គីតារ៍ តើអ្នកត្រូវចាំបាច់ស្វែងយល់អ្វីខ្លះសិន?

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីសិក្សាស្វែងយល់ជាមុននូវគុណប្រយោជន៍ ផលំបាក និងការត្រៀមខ្លួនជំនះរាល់ឧបសគ្គគ្រប់យ៉ាងចំពោះអ្វីដែលអ្នកប្រុងនឹងធ្វើខាងមុខ ។

ចង់ចេះលេងឧបករណ៍ភ្លេងអ្វីមួយ មានហ្គីតារ៍ជាដើម មិនមានការពិបាកណាស់ណាទេ ។ អ្នកខ្លះហាត់លេងត្រឹម ៣ខែយ៉ាងយូរក៏អាចលេងបានក៏មាន អ្នកខ្លះ ១ឆ្នាំ រហូតដល់៣ ឬ ៤ ឆ្នាំ ទើបអាចលេងបាន ។

យោងតាមបទពិសោធន៍ដែលធ្លាប់ជួបប្រទះ  អ្នករៀនភ្លេងភាគច្រើន ចង់ចេះលេងបទឲ្យបានច្រើន តាមបទដែលមានអគ័រស្រាប់ៗ ជាជាងសិក្សាឲ្យយល់ជាមូលដ្ឋានគ្រឺះដើម្បីឈានទៅការ ចេះរកអគ័រនៃបទចម្រៀងណាមួយដោយខ្លួនឯង ។ និយាយឲ្យខ្លី ចង់បានតែត្រីឆ្អិនស្រាប់ តែមិនចង់ដឹងថាបានត្រីមកពីណាទេ ។ ផ្ទុយទៅវិញបើអ្នកចាប់ផ្តើមរៀនភ្លេងថ្ងៃនេះ យើងខ្ញុំសូមណែនាំដាច់ខាត ឲ្យអ្នកគួរសិក្សាពីបែបបទ ដើមហេតុ និង ប្រវត្តិផ្សេងៗ នៃតន្រ្តី ពិសេសក្បួន ឬ តិចនិចធ្វើយ៉ាងម៉េចដើម្បីរៀនឆាប់ចេះ និង យល់ពីការស្វែងរកសម្លេងខ្លួនឯងនៅលើឧបករណ៍ភ្លេង ដោយមិនពឹងពាក់លើអ្នកដទៃរហូត ។

ជាការចាប់ផ្តើមដំបូងបំផុត អ្នកត្រូវដឹងថាអ្វីជាតន្រ្តី ? វាអាចជាស៊េរីនៃសម្លេងខ្សោយ ខ្លាំង ខ្ពស់ ឬ ទាប បង្កើតជាចង្វាក់អ្វីមួយ ដែលអាចបណ្តាលឲ្យអ្នកដែលបានឮ កើតនូវអារម្មណ៍ រំភើប សប្បាយ ឬ ក្រៀមក្រំ ទៅតាមបែបបទនៃបរិយាកាស និងការពាក់ព័ន្ធនឹងសាច់រឿងបុគ្គលអ្នកស្តាប់ឬទេ ។ ជាធម្មតាសម្លេងទាំងនោះកើតពីការ ប្រើនូវ ឧបករណ៍ភ្លេងផ្សេងៗ ដោយការ កេះ គោះ ដំ ផ្លុំ ទៅតាមរបៀបនៃឧបករណ៍នីមួយៗ ។ សម្លេងខ្យល់បកប៉ះស្លឹកឈើ ស្នូរគ្រាប់ភ្លៀងធ្លាក់ រលកទឹក សម្លេងសត្វយំ ក៏អាចចាត់ទុកជាតន្រ្តីដែរ គឺតន្រ្តីធម្មជាតិ ។

ក្នុងបរិបទនេះយើងខ្ញុំសុំលើកយកជាដំបូង នូវឧបករណ៍ភ្លេងមួយប្រភេទ ដែលគេតែងនិយមលេងបំផុតមកបង្ហាញ គឺ ហ្គីតារ៍ ។

ហ្គីតារ៍ជាឧបករណ៍តន្រ្តីខ្សែ បង្កើតសម្លេងដោយការកេះ ឬគោះទៅលើខ្សែទាំង ៦ និងកើតជាសម្លេងផ្សេងៗទៅតាមខ្ទង់ដែលមានទីតាំងខុសគ្នា ។

អ្នកលេងអាចប្រើម្រាមដៃផ្ទាល់ទាំងសងខាង ឬ ប្រើ ចង្កឹះ (pick / plectrum) ដើម្បីដេញ ឬ កេះទៅលើខ្សែ ។

Part-of-Guitar ហ្គីតារ៍
ប្រភេទហ្គីតារ៍
ជាធម្មតារ ហ្គីតារ៍ត្រូវបានគេស្គាល់ថាមាន បីប្រភេទធំៗ គឺ ហ្គីតារ៍អាខូស្ទីក (Acoustic guitar) ហ្គីតារ៍សូឡូ (Electric guitar) និង ហ្គីតារ៍ក្លាស៊ីក (Classic guitar) ។
Kind-of-Guitars

 ហ្គីតារ៍អាខូស្ទីក (Acoustic guitar)

ជាប្រភេទហ្គីតារ៍ធម្មតា ដែលមិនត្រូវការប្រើប្រាស់ចរន្តអគ្គិសនីនោះទេ ។ អ្នកអាចយកតាមខ្លួន និងលេងទីណាក៏បាន ដោយមិនខ្វល់ពីតម្រូវការផ្សេងៗឡើយ ។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចាប់ផ្តើមរៀនដំបូង ។ ទាក់ទងនឹងតម្លៃ គឺអាស្រ័យទៅលើគុណភាព និង ម៉ាក ដែលមានតម្លៃចាប់ពី ៣៥ ដុល្លារ ដល់ជាងពាន់ដុលា្លរ ក៏មាន ។ បើអ្នកចង់ទទួលបានហ្គីតារ៍ល្អ និងតម្លៃសមរម្យ មានសម្លេងពីរោះល្អមធ្យម យើងខ្ញុំសូមណែនាំ ត្រឹមតម្លៃចាប់ពី ១៧០ដុល្លារឡើង តែបើអ្នកមានលទ្ធភាពអ្នកគួរទិញ ចាប់ពី ៣៥០ដុល្លារតែម្តងទៅ ។

ហ្គីតារ៍សូឡូ (Electric guitar)

ជាប្រភេទហ្គីតារ៍ ដែលត្រូវការប្រើប្រាស់ចរន្តអគ្គិសនី និងធុងសម្លេង (Amplifier) ដើម្បីលេងបាន ។ វាអាចជាដំណាក់កាលទីពីរ បន្ទាប់ពីអ្នកចេះលេង អាខូស្ទីកហ្គីតារ៍ ហើយឈានទៅរកការលេងគ្រាប់ជាសូឡូ ដើម្បីខ្លែមប្រគុំជាមួួយនឹង អាខូស្ទីក ឲ្យកាន់តែមានក្លិន ឬពីរោះជាងមុន ។

ហ្គីតារ៍ក្លាស៊ីក (Classic guitar)

ជាប្រភេទហ្គីតារ៍ ស្រដៀងនឹងអាខូស្ទីកដែរ តែធម្មតា ខ្សែវាធ្វើពីនីឡុង ដែលសម្រាប់ការលេងជាម្រាមដៃ (Fingerstyle) ។ Fingerstyle ជាក្បួនលេងបែបលន្លង់លន្លោច ដោយប្រើប្រាស់តែម្រាម៤ខាងស្តាំដើម្បីកេះខ្សែ (មិនប្រើដៃកូនទេ) ។ ពេលអ្នកបិទភ្នែកហើយស្តាប់គេលេង Fingerstyle ហាក់ដូចជាឮមនុស្សពីរឬបីនាក់កំពុងប្រជុំចូលគ្នា  គឺពីរោះណាស់ ។ ប៉ុន្តែការហាត់លេងក៏មិនសូវស្រួលដែរ ទាមទារឲ្យអ្នកមានគ្រឹះច្រើនពីហ្គីតារ៍ធម្មតាសិន ។

យើងខ្ញុំគិតថាអ្នកប្រាកដជាបានយល់ខ្លះៗជាមិនខាន ហើយអ្នកពិតជាដឹងហើយថាត្រូវចាប់ផ្តើមជាមួយនឹងឧបករណ៍មួយណាមុន ។

ជូនពរជោគជ័យក្នុងការសិក្សា ។ សូមអានមេរៀនបន្ទាប់ៗទៀត សំណាងល្អ ។

រក្សាសិទ្ធិអត្ថបទដោយ ខ្មែរប៊ីត