#1: សិក្សានិមិត្តសញ្ញាមូលដ្ឋាននៃតន្រ្តី (KEYS, NOTES, STAFFS, CLEFS)

 អ្នកសិក្សាភ្លេងភាគច្រើនចាប់ផ្តើមរៀនដោយមិនសូវចូលចិត្តស្វែងយល់ពីការអានអក្សរភ្លេងទេ ព្រោះការសិក្សានេះទាមទារពេលវេលា និងការអនុវត្តច្រើន ។ ទោះជាយ៉ាងណាក៏យើងសូមណែនាំដាច់ខាត អ្នកគួរតែចេះអាន និង សរសេរ អក្សរភ្លេង ឲ្យបានត្រឹមត្រូវ ឬត្រូវសិក្សាឲ្យបានច្បាស់បើមានគោលដៅចង់ក្លាយជាអ្នកតែងនិពន្ធពិតប្រាកដ ។ យោងតាមសម្តីលោកគ្រូ សោម ប្ញទ្ធី ដែលជាគ្រូភ្លេង និងអ្នកចងក្រងសៀវភៅភ្លេងដ៏ល្បី បានស្នេីឲ្យអ្នកចម្រៀងទាំងអស់គួរចេះអានអក្សរភ្លេង កុំឲ្យបរទេសមើលងាយ ។

Teacher Sam Rithy

លោកគ្រូ សោម ប្ញទ្ធី ក្នុងសិក្ខាសាលាមួយ នៅ Bosba Media រាជធានីភ្នំពេញ

ឈ្មោះសម្លេង ( Keys )

ដើម្បីអានអក្សរតន្រ្តីបាន មិនខុសពីរៀនអានអក្សរធម្មតាទេ ត្រូវសិក្សាព្យញ្ជនៈ និងស្រៈសិន ។ ជាធម្មតា កូនសោរក្នុងអក្សរភ្លេងមាន ៧ធំៗ ។ កូនសោរនីមួយៗមានតួរអក្សរតំណាង និងមានសំនៀងអានខុសៗគ្នា ។ ក្នុងរូបខាងក្រោម សម្លេងអានត្រូវបានបញ្ជាក់ដោយពណ៌ក្រហម ។

Music Keys

ណោត ( Notes )

ណោតជាសញ្ញាតន្រ្តី សម្រាប់ប្រើប្រាស់ក្នុងការសរសើរនៅលើ staffs ដែលណោតនីមួយៗ មានឈ្មោះ និងអត្ថន័យក្នុងការអានផ្សេងៗគ្នា ។ សូមសង្កេតមើលរូបមួយចំនួនខាងក្រោម ។ អ្នកនឹងបានសិក្សាពី ឈ្មោះ និង របៀបអានសញ្ញាទាំងនេះនៅមេរៀនបន្ទាប់ ។

Notes

បញ្ជារេខា ( Staffs )

បញ្ជារេខា ជាខ្សែបន្ទាត់ចំនួន ៥រត់ស្របគ្នា សម្រាប់សរសេរគ្រាប់ណោត ។ នៅមានចន្លោះ ៤ ក្នុងបន្ទាត់ទាំង៥ ហើយចន្លោះទាំងនេាះក៏ត្រូវបានគេប្រើសម្រាប់សរសេរណោតដែរ ។

Staffs

កូនសោរ ( Clefs )

កូនសោរដែលអ្នកនឹងឃើញញឹកញាប់ជាងគេនោះគឺមានពីរដូចក្នុងរូបខាងក្រោម គឺ Treble Clef ឬហៅថា កូនសោរ សុល (G) និង Bass Clef (ឬហៅថា កូនសោរ ហ្វា (F) ។ តាមរូបភាពខាងក្រោម កូនសោរទាំងពីរនេះឈរលើ ទីតាំង staff ខុសគ្នា ។ នេះជាមធ្យោបាយដែលធ្វើឲ្យអ្នករៀនអក្សរភ្លេង អាចអានជាសម្លេងបានដោយងាយ ។ ជាធម្មតា គេសរសេរ កូនសោរ នៅខាងចំណុចចាប់ផ្តើម នៃ បញ្ជារេខា មុននឹងផ្តើមសរសេរ ណោត ។

Treble Clef

រូបភាពខាងលើ ត្រង់ខ្សែក្រហមមានឈ្មោះថា សុល (G) ។ ចំណុចពណ៌លឿងជាចំណុចចាប់ផ្តើមសញ្ញា ដូច្នេះហើយទើបគេហៅថា កូនសោរ សុល ។

Bass Clef

រូបខាងលើជា Bass Clef ។  ត្រង់ខ្សែក្រហមមានឈ្មោះថា ហ្វា (F) ។ ដូច្នេះហើយទើបគេហៅវាជាកូនសោរ ហ្វា ។ ហើយខ្សែនេះគឺដាច់ខាតស្ថិតនៅចន្លោះចំណុចទាំងពីរនៃសញ្ញា Bass Clef ។

សូមអរគុណសម្រាប់ការយកចិត្តទុកដាក់អានមេរៀនទី១ នេះ ។ សង្ឃឹមថាអ្នកទទួលបាននូវខ្លឹមបឋមដ៏ស្តួចស្តើងនេះ ដើម្បីជាទុនក្នុងការឈោងចាប់ ក៏ដូចជាដើម្បីស្វែងយល់ក្នុងមេរៀនបន្តខាងមុខ ។ អានមេរៀនបន្ទាប់…